Bale ថាលើកពានជាមួយជម្រើសជាតិវែល គឺពិសេសជាងជាមួយក្លឹប
Gareth Bale បាននិយាយថាបើអាចឈ្នះពានលើកដំបូងជាមួយក្រុមជម្រើសជាតិ វែល គឺវាពិតជាសំខាន់ក្នុងអាជីពជាកីឡាករបាល់ទាត់។
ការលើកឡើងរបស់ខ្សែប្រយុទ្ធមកពីក្លឹប Real Madrid ធ្វើឡើងបន្ទាប់ពីរូបគេត្រូវប៉ះ អ៊ុយរុយហ្គាយនៅវគ្គផ្ដាច់ព្រ័ត្រ China Cup ក្នុងពានកម្ដៅសាច់ដុំរបស់ប្រទេសចិន។ វែលបានទម្លាក់ម្ចាស់ផ្ទះចិន ដោយយកឈ្នះក្នុងលទ្ធផល ៦-០ ខណៈ Bale ផ្ទាល់ស៊ុត៣គ្រាប់ម្នាក់ឯង។
“ការឈ្នះពានតែងជារឿងល្អ ប៉ុន្តែការឈ្នះជាមួយជម្រើសជាតិគឺវាពិសេសជាង។ វាពិតជាមានន័យធំធេង ព្រោះអ្នកពិតជាចង់ធ្វើឲ្យប្រទេសជាតិទាំងមូលមានមោទនភាព។ មិនថាពាន China Cup ឬ Euro ឬ World Cup វាសុទ្ធតែសំខាន់"។ Bale និយាយដូច្នេះ។
វែល ត្រូវលេងវគ្គផ្ដាច់ព្រ័ត្រទល់នឹង អ៊ុយរុយហ្គាយដែលយកឈ្នះឆេក ២-០ ថ្ងៃច័ន្ទនេះ វេលាម៉ោង៦:៤៥នាទីល្ងាច ម៉ោងនៅកម្ពុជា៕
ប្រភព៖ Sabay

