ដឹងជាប់ជម្រើសជាតិភ្លាម ឪពុកម្ដាយ អ៊ុក សុវណ្ណ ទូរសព្ទមកជូនពរកូនភ្លែត
បន្ទាប់ពីដឹងថា កូនប្រុសជាប់ក្នុងក្រុមជម្រើសជាតិ ដែលដឹកនាំដោយអ្នកចាត់ការថ្មីភ្លាម ឪពុកម្ដាយខ្សែការពារភ្នំពេញក្រោន អ៊ុក សុវណ្ណ បានហៅទូរសព្ទមកកូនប្រុសភ្លាម ដើម្បីចូលរួមត្រេកអរ និង ជូនពរកូនប្រុសឲ្យជោគជ័យ ហើយពុំមានរបួសតូចធំមកយាយី។

សុវណ្ណ ឲ្យដឹងថា៖ «ពួកគាត់តេមកភ្លាម ពេលដឹងថាខ្ញុំជាប់ជម្រើសជាតិ។ គាត់សឹងតែសប្បាយចិត្តជាងខ្ញុំទៅទៀត ហើយផ្ដាំផ្ញើឲ្យខ្ញុំប្រឹងប្រែងជាងមុនថែមទៀត ដើម្បីឲ្យគ្រូបង្វឹកកាន់តែពេញចិត្ត។ មួយទៀត គាត់ជូនពរខ្ញុំឲ្យជោគជ័យក្នុងការប្រកួត សុខសប្បាយទាំងអស់គ្នា កុំឲ្យមានរបួស ឬ គ្រោះថ្នាក់អីធំដុំ»។

ងាកទៅខ្លួនគេវិញ យុវជនមានប្រភពពីខេត្តពោធិសាត់រូបនេះ អះអាងថា នឹងបង្កើតក្ដីព្យាយាមឲ្យកាន់តែខ្លាំងជាង មុនពេលជាប់ជម្រើសជាតិទៅទៀត ដើម្បីបង្ហាញដល់គ្រូបង្វឹកពីសមត្ថភាពរបស់ខ្លួន។ ខ្សែការពារវ័យ២០ដដែលប្រាប់ទៀតថា ទោះបានជាប់ ឬ ពុំបានជម្រើសដំបូងរបស់គ្រូថ្មី ក៏គេត្រូវតែប្រឹងប្រែងអស់ពីចិត្តកាយដែរ។

គួរដឹងដែរថា នេះជាលើកទី២ហើយ ដែលសមាជិកភ្នំពេញក្រោនខាងលើ ជាប់ក្នុងក្រុមជម្រើសជាតិ ខណៈលើកទី១ គេត្រូវបានជ្រើសដោយអតីតគ្រូបង្វឹកជម្រើសជាតិ និង បឹងកេត លោក ប្រាក់ សុវណ្ណារ៉ា៕
អត្ថបទ៖ CNCC

