ធារី ៖ ខ្ញុំអន្ទះសារនឹងរួមការងារជាមួយក្រុមគ្រូបង្វឹកថ្មី

ធ្វើការជាមួយក្រុមគ្រូបង្វឹកថ្មី គឺជាឱកាសដ៏ល្អ និង រីករាយមួយសម្រាប់ខ្សែបម្រើកូនខ្មែរបារាំង ប៊ិន ចន្ថាជារី ដែលមានឈ្មោះក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រៀមជំនួបមិត្តភាពអន្តរជាតិជាមួយម៉ាឡេស៊ី នៅថ្ងៃទី១០ ខែកញ្ញា ខាងមុខ នាពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។

កីឡាករក្លិប Terengganu នៃក្របខណ្ឌ Malaysian Super League លើកឡើងថា ការផ្លាស់ប្ដូរគ្រូបង្វឹកពីមួយទៅមួយ ត្រូវការពេលវេលាដើម្បីឲ្យកីឡាករបន្ស៊ំានឹងបច្ចេកទេស ប៉ុន្តែគេក៏អន្ទះសារនឹងរួមការងារជាមួយក្រុមអ្នកចាត់ការ Keisuke Honda ផងដែរ។

ជារី ពន្យល់ ៖"ខ្ញុំសប្បាយចិត្តមែនទែនដែលបានជាប់ក្នុងក្រុមជម្រើសជាតិ និង ជួបមិត្តរួមជាថ្មី។ ខ្ញុំពិតជាអន្ទះសារក្នុងការរួមការងារជាមួយក្រុមគ្រូបង្វឹកថ្មី។ ដូចដែលអ្នកបានដឹងអ៊ីចឹង នៅពេលមានការផ្លាស់ប្ដូរគ្រូបង្វឹក ពួកយើងតែងតែត្រូវការពេលវេលាដើម្បីបន្សុំានឹងតាក់តិច និង ទស្សនវិស័យ។ ដូច្នេះ ខ្ញុំសប្បាយចិត្តចំពោះការវិលត្រឡប់នេះ"។

ប៊ីន ចន្ថាជារី នឹងធ្វើដំណើរពីម៉ាឡេស៊ី មកកាន់កម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ចូលរួមហ្វឹកហាត់ជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំពីលោក Felix Gonzales ជំនួយការ Keisuke Honda និង ក្រុមការងារឯទៀត៕

អត្ថបទៈ CNCC










