ម៉ោង ៦ៈ៣០នាទីល្ងាច ថ្ងៃទី ១០ កញ្ញានេះ ជាពេលវេលាដ៏អស្ចរ្យាមួយ សម្រាប់អ្នកគាំទ្រគោព្រៃកម្ពុជាដែលចង់ឃើញការដឹកនាំរបស់ Keisuke Honda ។
អ្វីដែលបងប្អូនរឹតតែចង់ដឹងទៀតនោះ គឺថាតើកីឡាករណាខ្លះជាប់ជម្រើស១១នាក់ដំបូងរបស់អ្នកចាត់ការថ្មីជប៉ុន?
ថ្ងៃនេះវែបសាយ Fox Sports Cambodia បានបង្ហាយទស្សនៈ និង ជ្រើសរើសកីឡាករ ១១រូប ដែលអាចជាប់ក្នុងបញ្ជីដំបូងរបស់គ្រូថ្មី ទល់ម៉ាឡេស៊ី។
Fox Sports Cambodia យល់ថាជម្រើសជាតិនឹងប្រើទម្រង់ ៤-៣-៣ ដែលជួយសម្រួលច្រើនដល់លំនឹងនៃតំបន់ទាំង៣ មិនថាក្នុងពេលការពារ ឬពេលប្រយុទ្ធ។
ចំណែកសមាសភាពកីឡាករ ១១នាក់ដំបូង យើងវិភាគទាំងអស់គ្នាដូចតទៅ៖
១- អ្នកចាំទី
អ្នកចាំទីជម្រើសជាតិទាំង ៣រូបកំពុងហ្វឹកហាត់ជុំគ្នា នៅពហុកីឡដ្ឋានជាតិ
ក្នុងចំណោមអ្នកចាំទីទាំង៣ កែវ សុខសិលា ហាក់មានភាគរយទាបជាងបន្តិច ដ្បិតជាសិស្សប្អូនទាំងបទពិសោធ និង បច្ចេកទេស ខណៈ ស៊ូ យ៉ាទី និង អ៊ុំ វិចិត្រ ស្ថិតក្នុងស្ថានភាព ៥០-៥០។ យ៉ាងណាក្ដី វិចិត្រ ហាក់ធ្វើបានល្អច្រើនជាង ពេលបង្ហាញខ្លួនក្នុងលីគ ហើយកាន់តែប្រសើរអំឡុងពេលប្រមូលផ្ដុំ។ FOX Sports Cambodia គិតថា អ៊ុំ វិចិត្រ នឹងជាប់ជម្រើសដំបូង។
២-តំបន់ការពារ
FOX Sports Cambodia មើលឃើញថា ឈិន ឈឿន – ឆេង ម៉េង – ស ពិសិដ្ឋ និង ហុង ផេង សក្ដិសមបំផុតសម្រាប់តំណែងនេះ។ ឈិន ឈឿន អាចរត់ឡើងចុះជួយការពារ និង បម្រើដោយកាត់បាល់ចូលតំបន់គ្រោះថ្នាក់ ចំណែកមិត្តរួមក្រុមរបស់គេ ស ពិសិដ្ឋ រារាំងសំណាញ់ទីការពារជាតិបានយ៉ាងរឹងមាំ ខណៈ ហុង ផេង ក៏ជួយបឹងកេតបានច្រើនមិនខុសគ្នាទេ ហើយ ឆេង ម៉េង អាចរ៉ាប់រងលើក្រោមនៅស្លាបខាងឆ្វេង ដូច ឈិន ឈឿន ដែរ។
៣-តំបន់បម្រើ
ប្រធានក្រុម គួច សុកុម្ភៈ ព្យាយាមរារាំងបាល់ ពេលហ្វឹកហាត់នៅពហុកីឡដ្ខានជាតិ
ប្រធានក្រុម គួច សុកុម្ភៈ និង ខ្សែបម្រើ Terrenganu ប៊ីន ចន្ថាជារី ច្បាស់ណាស់នឹងក្លាយជាជម្រើសមិនអាចខ្វះបានរបស់ក្រុម ប៉ុន្តែសម្រាប់កីឡាករ ១រូបទៀត វាហាក់ពិបាកក្នុងការជ្រើសរើសបន្តិច ព្រោះសម្បូរដោយកីឡាករល្អៗក្នុងកម្រិតមិនលើសខ្វះគ្នាមួយ។ បែបណាក្ដី FOX Sport Cambodia គិតថា ប្រាក់ ធីវ៉ា អាចនឹងក្លាយជាបេក្ខភាពទី ៣ ដ្បិតគេរហ័សរហួន ភ្ជាប់ទំនាក់ទំនងពីតំបន់បម្រើ ទៅប្រយុទ្ធបានល្អ ហើយមានជំនាញទាត់បញ្ចូលទីពីចម្ងាយទៀតផង។
៤-តំបន់ប្រយុទ្ធ
វាហាក់មិនពិបាកពេកទេ សម្រាប់ការជ្រើសរកកីឡាករក្នុងតំបន់មួយនេះ ព្រោះមានតែកីឡាករ ៤រូបប៉ុណ្ណោះ។ FOX Sports Cambodia គិតថា រ៉ឹង ប៊ុនហៀង និង កែវ សុខផេង ជាជម្រើស២រូបសំខាន់ជាងគេ ចំណែក ស៊ិន កក្កដា ដ្បិតក្មេងទាំងវ័យ និង បទពិសោធពិតមែន តែគុណភាព និង ភាពគ្មានរបួសរបស់គេ អាចធ្វើឲ្យរៀមច្បង ប្រាក់ មុន្នីឧត្ដម អង្គុយកៅអីបម្រុងបាន។
ជម្រើស ១១នាក់ដំបូងរបស់កម្ពុជា តាមទស្សនៈ FOX Sports Cambodia
សរុបទៅជម្រើស ១១នាក់ដំបូងរបស់ FOX Sports Cambodia គឺ៖
អ្នកចាំទី៖ អ៊ុំ វិចិត្រ
ខ្សែការពារ៖ ឆេង ម៉េង – ស ពិសិដ្ឋ – ហុង ផេង – ឈិន ឈឿន
ខ្សែបម្រើ៖ ប្រាក់ ធីវ៉ា – គួច សុកុម្ភៈ – ប៊ីន ចន្ថាជារី
ខ្សែប្រយុទ្ធ៖ រ៉ឹង ប៊ុនហៀង – ស៊ិន កក្កដា – កែវ សុខផេង