09/05/18

គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី លោក Tan Cheng Hoe បាន​កោះហៅ​កីឡាករ​ចំនួន ២៧​នាក់ ចេញ​ពី​ក្លឹប​ចំនួន ១១ (ក្នុង​ស្រុក ១០ និង ក្រៅ​ស្រុក ១) ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ទល់នឹង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​។
កីឡាករ​ទាំង​២៧នាក់ មាន​មកពី​ក្លឹប ដូច​ខាងក្រោម៖
ជម្រើសជាតិម៉ាឡេស៊ី ហ្វឹកហាត់ត្រៀមប៉ះកម្ពុជា (រូបថត៖ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី)
ក្លឹប​ក្នុង​ស្រុក
  • Johor Darul Ta'zim ចំនួន ៦​ នាក់
  • Perak ចំនួន ៤ នាក់
  • Kedah ចំនួន ៥ នាក់
  • Kuala Lumpur ចំនួន ៣នាក់
  • Meleka United ចំនួន ១នាក់
  • Sabah ចំនួន ២នាក់
  • Kelantan ចំនួន ១នាក់
  • Pahang ចំនួន ២នាក់
  • PKNS ចំនួន ១នាក់
  • Selangor ចំនួន ១នាក់
ក្លឹបក្រៅស្រុក
  • Nakhon Ratchasima (លីគកំពូលថៃ) ចំនួន ១នាក់។
សូម​ជម្រាប​ថា សមាជិក​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី មាន ៩​នាក់ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Asian Games 2018 ដែល​ទើបតែ​បញ្ចប់​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ។
ជម្រើស​ជាតិ​ម៉ាឡេស៊ី នឹង​មក​សួរ​សុខ​ទុក្ខ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​៕
ប្រភព៖​ ខ្លីៗ

​ការ​ប្រកួត​រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​។ ​ទាក់​ទង​ការ​ប្រកួត​នេះ​អ្នក​គាំទ្រ​គួរ​ណាស់​ត្រូវ​ដឹង​ឲ្យ​បាន​៤​ចំណុច​នេះ​យ៉ាង​តិច​ ដើម្បី​បញ្ចៀស​បញ្ហា​ដល់​ខ្លួន​ក្នុង​ការ​ទៅ​ទស្សនា​។ ​
១-​អាវភ្លៀង ៖ គ្រប់​គ្នា​ប្រហែល​ជា​ដឹង​​ហើយ​ថា រដូវ​នេះ​តែង​មាន​ភ្លៀង​ធ្លាក់​​ ដូច្នេះ​ទៅ​ទស្សនា​ការ​ប្រកួត​គួរ​ណាស់​យក​អាវ​ភ្លៀង ឬ ឆត្រ ​ទៅ​ជា​មួយ ដើម្បី​ធានា​ថា ការ​ទស្សនា​មាន​ភាព​កក់​ក្ដៅ។
​២-​បញ្ចៀស​ការ​ស្ទះ​ចរាចរណ៍​៖ ការ​ប្រកួត​ដំបូង​ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​តារា​បាល់ទាត់​ពិភព​លោក Honda ​ប្រាកដ​ណាស់​នឹង​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​ទៅ​ទស្សនា​ការ​ប្រកួត​នេះ។ ​ដូច្នេះ​ដើម្បី​បញ្ចៀស​ការ​ស្ទះ​ចរាចរណ៍​អ្នក​គាំទ្រ​គួរ​ណាស់​ទៅ​មុន​ការ​ប្រកួត ​ម្យ៉ាង​ទៀត​​អាច​ស្វែង​រក​កន្លែង​អង្គុយ​បាន​ល្អ និង​​ងាយ​ស្រួល​ទស្សនា។
៣-​ប្រយ័ត្ន​របស់​មាន​តម្លៃ៖ ជា​ការ​ពិត​ណាស់​កន្លងមក​នៅ​ពេល​មាន​​ការ​ប្រកួត​របស់​ជម្រើស​ជាតិ ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា មាន​មនុស្ស​ទៅ​ទស្សនា​ច្រើន​ ហើយ​ថែម​ទាំង​មាន​ជន់​ឆ្លៀត​ឱកាស​លូក​ហោប៉ៅ​ជា​ដើម ដូច្នេះ​​នៅ​ពេល​មាន​មនុស្ស​ច្រើន​គួរ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​រាល់​​វត្ថុ​មាន​តម្លៃ។
៤-​បញ្ឈប់​​​ការ​វាយតប់​គ្នា​ក្នុង​ពេល​ទស្សនា៖ កន្លង​មក​អ្នក​គាំទ្រ​កម្ពុជា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ត្រូវ​បាន​គេ​ឃើញ​ថា មាន​ការ​វាយតប់​គ្នា​រហូត​មាន​កាប់​​ដោយ​ប្រើ​កាំបិត​ឬ​ដាវ​ជា​ដើម ហើយ​ក៏​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ក្របួច​ចាប់​បាន​​ ដើម្បី​យក​ទៅ​ណែនាំ​។ ​​រឿង​នេះ​ជា​ចំណុច​អវិជ្ជមាន​ធំ​មួយ ដែល​គ្រប់​គ្នា​មិន​ត្រូវ​ធ្វើ​ទៀត​ឡើយ ម្យ៉ាង​ទៀត​ការ​ប្រកួត​នេះ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ត្រៀម​កម្លាំង​យ៉ាង​ច្រើន ដើម្បី​បង្ការ​​ចំណុច​នេះ។
​​បន្ទាប់​ពី​ការ​ប្រកួត​មិត្ត​ភាព​នេះ​ទៅ​​កម្ពុជា​នៅ​សល់​ពីរ​ប្រកួត​ទៀត​គឺ​ជួប​ក្រុម​ជម្រើស​ជាតិ​​ទីម័រខាងកើត ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៨ និង​ប៉ះ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៨ ដែល​ពីរ​ប្រកួត​នេះ​ធ្វើ​ឡើង​វេលា​ម៉ោង ៦:៣០ នាទី​ដូច​គ្នា នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​ , សប្បាយស្តត 


​​កម្ពុជា នឹង​បើក​ទ្វា​​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ខ្លាំង​ម៉ាឡេស៊ី​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច។ ទាក់​ទង​ការ​ត្រៀម​ខ្លួន​នេះ Honda បាន​មក​ពី​ប្រទេស​អូស្ត្រាលី ដើម្បី​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដោយ​ផ្ទាល់​គិត​ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​ដល់​ថ្ងៃ​ប្រកួត ហើយ​​ការ​បង្ហាត់​នេះ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ថា ហាក់​មាន​ភាព​ពិសេស​ និង​ខុស​ប្លែក​ពី​ការ​បង្ហាត់​​មុន​ៗ។
​ចង់​ដឹង​ Honda និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖
​​ប្រភព៖ សប្បាយស្ពត 


ខ្សែបម្រើឆ្នើម ច្រឹង ពលរដ្ឋ ទំនងក្លាយជាកីឡាករខ្មែរទី១ដែលមានឈ្មោះក្នុងហ្គេមកំសាន្ត Pro Evelution Soccer ជំនាន់ថ្មី ដែលនឹងចេញនៅពេលឆាប់ៗនេះ។
រដូវកាលក្រោយ ច្រឹង ពលរដ្ឋ នឹងផ្ទេរទៅកាន់ក្លឹប Buriram United ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រសួងការពារជាតិ។ ស្របគ្នានេះ ក្រុមហ៊ុនហ្គេមខាងលើទើបតែទទួលបានសឹទ្ធិពីសហព័ន្ធថៃ ក្នុងការបញ្ចូល Thai Premier League ទៅក្នុង PES។ ដូច្នេះសមាជិកថ្មីរបស់ Buriram ដដែលអាចនឹងមានឈ្មោះផងដែរ។
បើរឿងនេះអាចកើតឡើង ពលរដ្ឋ នឹងក្លាយជាកីឡាករកម្ពុជាទី១ដែលមានមុខក្នុង PES។
ប្រភព៖ FoxsportsAsia

ភ្នំពេញ៖ ក្នុងនាមជាតារាបាល់ទាត់មួយរូប ក្នុងក្រុមជម្រើសជាតិកម្ពុជា កីឡាករ ឈិន ឈឿន បានបង្ហាញអារម្មណ៍របស់ខ្លួនយ៉ាងមុតមាំ នៅលើបណ្ដាញសង្គមថា«ចង់អភិវឌ្ឍន៍ខ្លួន ទាល់តែប្រឹងប្រែងហ្វឹកហាត់អោយខ្លាំង»។ កីឡាកររូបនេះបានបង្ហោះសារខាងលើ បន្ទាប់ពីរូបគេ នឹងមិត្តរួមក្រុមផ្សេងៗជាច្រើនទៀតចាប់ផ្ដើមធ្វើការហ្វឹកហាត់ ជាលើកដំបូងជាមួយនិងគ្រូបង្ហាត់ចំណូលថ្មីលោក Keisuke Honda ដែលជាកីឡាករជម្រើសជាតិជប៉ុនមួយរូបផងដែរ។

ជាមួយនិងការប្ដេជ្ញាចិត្ត ខិតខំប្រឹងប្រែងរបស់ ឈិន ឈឿន តើកីឡាកររូបនេះអាចធ្វើបានល្អកម្រិតណា សម្រាប់ការប្រគួតនាពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ផងដែរថាក្រោយពីធ្វើការហ្វឹកហាត់រួចមក ក្រុមជម្រើសជាតិកម្ពុជា ដែលដឹកនាំដោយគ្រូចំណូលថ្មីលោក Keisuke Honda ក៏និងមានការប្រគួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។




ប្រភព៖ dara-news.com




ឆ្លើយតបសំណួរអ្នកសារពត៌មានដែលសួរថា តើលោករំពឹងកម្រិតណាក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា យកជ័យជម្នះពីម៉ាឡេស៊ី អ្នកចាត់ការទូទៅ Keisuke Honda ថាលោកពុំទាន់គិតពីលទ្ធផលឡើយ គឺមានតែផ្តោតលើការបង្វឹក ហើយវាជាការចាប់ផ្តើមថ្មីមួយសម្រាប់ក្រុមគោព្រៃ។
អតីតខ្សែបម្រើជម្រើសជាតិជប៉ុនលើកឡើងថា « ខ្ញុំនឹងរករបៀបលេងថ្មីមួយសម្រាប់កម្ពុជា ហើយសម្លឹងមើលកីឡាករពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំពុំទាន់គិតថាឈ្នះឬចាញ់ទេ ប៉ុន្តែខ្ញុំនឹងផ្តោតលើការរៀបចំជាមួយក្រុមការងារទាំងអស់។ វាជាការចាប់ផ្តើមថ្មីមួយ»។

ក្រុមជម្រើសជាតិកម្ពុជា បានចាប់ផ្តើមហ្វឹកហាត់ថ្ងៃដំបូងកាលពីម្សិលមិញ ជាមួយក្រុមគ្រូបង្វឹកថ្មី ដើម្បីត្រៀមខ្លួនប៉ះម៉ាឡេស៊ី នាល្ងាចថ្ងៃទី១០ ខែកញ្ញាខាងមុខ។
សំបុត្រទស្សនា នៅមានលក់នាមុខពហុកីឡដ្ឋានជាតិ មានតម្លៃ៥០០០រៀល និង១០០០០រៀល។ ការប្រកួតនេះ ក៏នឹងមានផ្សាយផ្ទាល់លើកញ្ជក់ទូរទស្សន៍ BTV ផងដែរ។
ប្រភព៖ FoxsportsAsia

ជ័យ​ ចិត្រា​ ជា​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ជាង​គេ​ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធ​៤​នាក់​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ដែល​ត្រូវ​បាន​កោះ​​​ ហៅ​​ដោយ​​គ្រូ​បង្វឹក​ Keisuke Honda ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​​នា​ពេល​ខាង​មុខ។ កីឡាករ​វ័យ​ក្មេង​រូប​នេះ​ទើប​លេច​មុខ​ក្នុង​លីគ​បាល់ទាត់​កម្ពុជា​​ឆ្នាំ​២០១៨​ហើយ​​ក៏​មាន​ឈ្មោះ​ក្នុង​​​ជម្រើស​ជាតិ​​​ថែម​ទៀត​ ប៉ុន្តែ​អ្នក​គាំទ្រ​ភាគ​ច្រើន​ប្រហែល​ជា​មិន​បាន​ដឹង​ពី​អតីត​កាល​របស់​គេ​ឡើយ។
កីឡាករ ជ័យ ចិត្រា
ជ័យ ចិត្រា កើត​នៅ​ថ្ងៃ​ទី​៦​ ខែ​វិច្ឆិកា​ ឆ្នាំ​​១៩៩៧​​នៅ​ភូមិ​​វាល​រហាត់​ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ។ ជា​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​៣​នាក់​​​ ចិត្រា​មាន​ឪពុក​ឈ្មោះ​ ជ័យ ជឹម និង​ម្តាយ​ឈ្មោះ​ ញ៉ែត ញ៉។ រូប​គេ​បាន​ចូល​រៀន​នៅ​សាលា​បឋម​ Ban Kilosong​ និង​វិទ្យាល័យ​កីឡា​ Suphanburi Sport School ​​នៅ​ប្រទេស​ថៃ។
ដំណើរ​ជីវិត​បាល់ទាត់​នៅ​ប្រទេស​ថៃ​
សមាជិក​ក្លឹប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ជ័យ ចិត្រា បាន​រៀប​រាប់​ថា​ តាំង​ពី​តូច​មក​រូប​គេ​ចូល​ចិត្ត​លេង​បាល់។ ស្ទើរ​តែ​រាល់​ថ្ងៃ​នៅ​ជាយ​ដាន​ រូប​គេ​មិន​ទៅ​ណា​ឆ្ងាយ​ពី​បាល់​ឡើយ។ ដោយ​សារ​មាន​ចំណង​ចំណូល​ចិត្ត​ខ្លាំង​ និង​មាន​ទេពកោសល្យ​ផង​នោះ​ ឪពុក​ធម៌​​ជា​ជន​ជាតិ​ថៃ​​បាន​យក​រូប​គេ​ឲ្យ​ចូល​រៀន​នៅ​សាលា​​ក្នុង​ប្រទេស​ថៃ។ ឪពុក​ធម៌​​ជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​ និង​ទទួល​បាន​អាហារូបករណ៍​​​នៅ​ថៃ។
កីឡាករ ជ័យ ចិត្រា
ជ័យ ចិត្រា​ បន្ត​​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ចប់​ការ​សិក្សា​នៅ​សាលា​​បឋម​សិក្សា​ Ban Kilosong រូប​គេ​បាន​ធ្វើ​តេស្ត​ជាប់​​​​ចូល​រៀប​អាហារូបករណ៍​នៅ​វិទ្យាល័យ​កីឡា​ Suphanburiy Sport School។ នេះ​ជា​សាលា​កីឡា​ស្តង់ដារ​​លំដាប់​ទី​១​របស់​​ប្រទេស​ថៃ​ដែល​ជា​ថ្នាល​បណ្ដុះបណ្ដាល​កីឡា​ច្រើន​ប្រភេទ។ សាលា​កីឡា​នេះ​​មាន​កីឡាករ​ កីឡា​ការិនី​​ជា​ច្រើន​​ជាប់​ជម្រើស​ជាតិ​ថៃ​ផង​ដែរ។ រូប​គេ​បាន​ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង​ទូទៅ​ និង​ផ្នែក​កីឡា​នៅ​សាលា​នេះ​រហូត​ចប់​ថ្នាក់​ទី​១២​នៅ​ឆ្នាំ​២០១៤។
ក្នុង​នាម​ជា​កីឡាករ​​យុវជន​របស់​សាលា​ Suphanburi Sports School កីឡាករ​កម្ពុជា​រូប​នេះ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជា​មួយ​យុវជន​ថៃ​​ដែល​មាន​អាយុ​ប្រហាក់​ប្រហែល​គ្នា​ ពី​ព្រោះ​យុវជន​ថៃ​សំបូរ​ទេពកោសល្យ​បាល់ទាត់​ច្រើន។ រូប​គេ​​បាន​ជាប់​ជម្រើស​សាលា​រៀន​ចូល​រួម​ប្រកួត​ក្នុង​កម្រិត​ពាន​បឋម​សិក្សា​ និង​វិទ្យាល័យ​នៅ​ប្រទេស​ថៃ។ ទោះ​ជា​យ៉ាង​ណា​រូប​គេ​មិន​ទាន់​មាន​ឱកាស​ចូល​លេង​ឲ្យ​ក្លឹប​អាជីព​នៅ​ប្រទេស​ថៃ​ក្នុង​ក្រប​ខណ្ឌ​លីគ​ទី​៣ ទី​២​ ឬ​លីគ​កំពូល​ថៃ​ឡើយ។
ស្លាក​សញ្ញាសាលា​កីឡា Suphanburi
ស្វែង​រក​ក្តី​ស្រមៃ​នៅ​លើ​ទឹក​ដី​កំណើត​
ក្រោយ​បញ្ចប់​ការ​សិក្សា​​ចំណេះ​ដឹង​ទូទៅ​ និង​កីឡា​​ថ្នាក់​ទី​១២​នៅ​ប្រទេស​ថៃ​​នៅ​ឆ្នាំ​២០១៤​​ ​ជ័យ ចិត្រា បាន​សម្រេច​ស្វែង​​រក​​ក្តី​ស្រមៃ​របស់​ខ្លួន​​ដែល​ចង់​ជាប់​ជម្រើស​ជាតិ​កម្ពុជា។ ចិត្រា​ប្រាប់​ថា​ ដោយ​សារ​មើល​ឃើញ​កម្រិត​នៃ​ការ​ប្រកួត​ប្រជែង​ខ្ពស់​នៅ​ប្រទេស​ថៃ​​ដែល​ធ្វើ​ឲ្យ​រូប​គេ​ពិបាក​ស្វែង​រក​ក្លឹប​អាជីព​លេង​នៅ​ថៃ​ រូប​គេ​បាន​សម្រេច​មក​ប្រទេស​កម្ពុជា​​​ស្រប​ពេល​​​បាល់ទាត់​នៅ​កម្ពុជា​​ផុលផុស​ខ្លាំង​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។
កីឡាករ ជ័យ ចិត្រា
ឆ្នាំ​២០១៥ ជ័យ ចិត្រា​ បាន​ចូល​រួម​ជា​មួយ​ក្លឹប​សាកល​វិទ្យាល័យ​វេស្ទើន​ និង​បាន​ទៅ​លេង​ក្នុង​ពាន​រង្វាន់​សាកល​វិទ្យាល័យ​អាស៊ាន​ ASEAN University នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ បន្ទាប់​ពី​ចប់​ពាន​រង្វាន់​​សាកល​វិទ្យាល័យ​អាស៊ាន រូប​គេ​មិន​បាន​បន្ត​លេង​លេង​ក្លឹប​សាកល​វិទ្យាល័យ​មួយ​នេះ​​​ឡើយ​ដោយ​បាន​ត្រឡប់​ទៅ​ខេត្ត​កំណើត​បន្ទាយមានជ័យ​​វិញ​ ហើយ​ក៏​បាន​ផ្អាក​នៅ​ឆ្នាំ​២០១៦។
ឆ្នាំ​២០១៧​ រូប​គេ​បាន​ចូល​​រួម​ជា​មួយ​ក្លឹប​ក្រសួង​ការពារ​ជាតិ​​ដែល​​​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ទី​លាន​ទាំង​លីគ​កម្ពុជា​ និង​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន។ រដូវ​កាល​២០១៨​ រូប​គេ​បាន​ចេញ​ពី​ក្រសួង​ការពារ​ជាតិ​ចូល​រួម​ជា​មួយ​ក្លឹប​អគ្គស្នងការដ្ឋាន​នគរ​បាល់ទាត់​ (ប៉ូលិស)។ នៅ​ក្លឹប​​ប៉ូលិស​នេះ​ហើយ​ដែល​​ធ្វើ​ឲ្យ​រូប​គេ​កាន់​តែ​​លេច​ធ្លោ​ខ្លាំង​ឡើង។ រូប​គេ​បាន​ក្លាយ​តួ​អង្គ​សំខាន់​ម្នាក់​​​ក្លឹប​ប៉ូលិស​​​មាន​​ទម្រង់​លេង​យ៉ាង​ល្អ​​ក្នុង​លីគ​រដូវ​កាល​នេះ​ និង​​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​ពាន​រង្វាន់​​ Hun Sen Cup។
ទី​បំផុត​ក្តី​ស្រមៃ​របស់​ ជ័យ ចិត្រា​ បាន​កើត​​ឡើង​ជា​ការ​ពិត​ បន្ទាប់​ពី​គ្រូ​បង្វឹក​ថ្មី​លោក​ Keisuke Honda បាន​កោះ​ហៅ​កីឡាករ​ប្រមូល​ផ្តុំ​​កាល​ពី​ថ្ងៃ​ទី​​១​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ក៏​មាន​រូប​គេ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​២៣​នាក់​ដែរ។ រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​ម្នាក់​គត់​របស់​ក្លឹប​ប៉ូលិស​ជាប់​ជម្រើស​ជាតិ​​កម្ពុជា​ត្រៀម​ខ្លួន​ប្រកួត​មិត្តភាព​​អន្តរជាតិ​​ជា​មួយ​ម៉ាឡេស៊ី​ នា​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០១៨៕
ជ័យ ចិត្រា ពេល​លេង​ឲ្យ​ប៉ូលិស
ខាង​ក្រោម​ជា​រូបភាព ជ័យ ចិត្រា កាល​នៅ​ថៃ (រូបថត​ផ្តល់​ឲ្យ)

អត្ថបទ៖ ជាន ចាន់រ៉ា , សប្បាយស្ពត

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.