ជា វេស្ល៊ី ៖ ខ្ញុំមានមោទនភាពចំពោះខ្លួនឯង ពីក្មេងលេងបាល់សុខភាពក្លាយជាជម្រើសរបស់បឹងកេត


ខ្សែប្រយុទ្ធវ័យក្មេង ជា វេស្ល៊ី របស់បឹងកេត បានបង្ហាញអារម្មណ៍មោទនភាពចំពោះខ្លួនឯងដែលវិវឌ្ឍខ្លួនពីក្មេងលេងបាល់បាយបានម្នាក់រហូតក្លាយជាតួសំខាន់មួយរូបរបស់ក្លិបជើងឯកមិត្តហ្វូនខេមបូឌាន លីគ នាពេលបច្ចុប្បន្ន។


ក្នុងរដូវកាល២០១៨នេះ វេស្ល៊ី ជាកីឡាករវ័យក្មេងមួយរូបដែលទទួលបានការចាប់អារម្មណ៍ច្រើនពីមជ្ឈដ្ឋានអ្នកស្នេហាបាល់ទាត់ជាតិ បន្ទាប់ពីលោក ហៅ សុជាតិ ដាក់ឱ្យចូលលេងជាបន្តបន្ទាប់។ 


ក្នុងការប្រកួតពានរង្វាន់មិត្តហ្វូនលីគ គេច្រើនត្រូវបានប្ដូរចូលនៅវគ្គទី២ និងបានជួយផ្លាស់ប្ដូរការប្រកួតជាញឹកញាប់។ ជាក់ស្ដែង ពេលបឹងកេតឈ្នះព្រះខ័នរាជស្វាយរៀង១-០ចុងសប្ដាហ៍មុន គឺ វេស្ល៊ី នេះហើយជាអ្នកបញ្ជូនបាល់ឱ្យ Julius Oiboh ស៊ុតយក៣ពិន្ទុ។ ឯក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនវិញ កីឡាករវ័យ២០ឆ្នាំរូបនេះច្រើនជាប់ក្នុងជម្រើស១១នាក់ដំបូងតែម្ដង។


អតីតសិស្សវិទ្យាល័យផ្សារដើមថ្កូវ ប្រាប់ពីអារម្មណ៍របស់ខ្លួនចំពោះអ្វីដែលគេបានសព្វថ្ងៃនេះថា៖ «ខ្ញុំមានអារម្មណ៍មោទនភាពចំពោះខ្លួនឯងព្រោះកាលមុនធ្លាប់តែលេងបាល់លក្ខណៈបាយបាននិងលេងតាមអង្គការ បន្ទាប់មកខ្ញុំចេះតែអភិវឌ្ឍខ្លួនរហូតជាប់ក្នុងថ្នាលយុវជនរបស់ក្លិប រួចឡើងចូលក្រុមធំនិងបានលេងទៀត ខ្ញុំមានមោទនភាពណាស់»។ 


ខ្សែប្រយុទ្ធដដែល រំឭកទៅអតីតកាលរបស់ខ្លួនថា៖ «ដំបូងខ្ញុំលេងបាល់តាមសាលាជាមួយមិត្តភ័ក្ដិនៅវិទ្យាល័យផ្សារដើមថ្កូវអំឡុងឆ្នាំ២០១៤-២០១៥ ហើយមានថ្ងៃមួយមិត្តភ័ក្ដិម្នាក់បបួលខ្ញុំទៅលេងឱ្យអង្គការមួយក្នុងលីគយុវជន។ ក្រោយមកទៀត ពេលឮដំណឹងថាបឹងកេតរើសយុវជន ពួកខ្ញុំក៏មកធ្វើតេស្តហើយក៏ជាប់៣នាក់ មានខ្ញុំ, គង់ និង ហុង។ ក្រោយមកទៀត គ្រូ John McGlynn ក៏បានដំឡើងខ្ញុំចូលក្រុមធំនិងបន្តមកដល់សព្វថ្ងៃ»។


វេស្ល៊ី បន្ថែមថាគេតែងប្រឹងប្រែងហ្វឹកហាត់ និងព្យាយាមស្ដាប់ការពន្យល់ណែនាំរបស់គ្រូបង្វឹក ក៏ដូចជាការចែករំលែកបទពិសោធពីរៀមច្បងទាំងនៅលើទីលានហ្វឹកហាត់និងទីលានប្រកួតដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាបន្តទៀត៕

អត្ថបទ៖ CNCC 

ពាក្យទាក់ទង​ ៖ ,

Post a Comment

[disqus][facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.