ខ្សែប្រយុទ្ធក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង និងក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅមានក្តីសង្ឃឹម អាចគេចចេញពីកាតព្វកិច្ចបម្រើកងទ័ពបាន ប្រសិនបើគេអាចរកមេដាយមាសឲ្យក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ឆ្នាំ ២០១៨ ដែលកំពុងធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី។ លទ្ធផល ថាតើ Son-min-Heung អាចធ្វើបានឬអត់ នឹងត្រូវបង្ហាញឲ្យឃើញ ពេលជម្រើសជាតិកូរ៉េខាងត្បូង ប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាមួយជប៉ុន នៅថ្ងៃទី ១ខែកញ្ញាខាងមុខ ក្នុងកីឡដ្ឋាន Pakansari លើទឹកដីឥណ្ឌូនេស៊ី។

កាលពីថ្ងៃទី ២៩សីហា ឆ្នាំ ២០១៨ ក្នុងវិញ្ញាសាបាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំ U-២៣ (ប៉ុន្តែក្នុងនោះមានអនុញ្ញាតឲ្យលាយកីឡាករឈុតធំ ៣នាក់) គឺ កូរ៉េខាងត្បូង បានប្រកួតឈ្នះលើក្រុមជម្រើសជាតិវៀតណាម ដោយលទ្ធផល ៣ទល់នឹង១។ ចំណែកជប៉ុនវិញ បានប្រកួតឈ្នះ អារ៉ាប់រួម (UAE) ទាំងលំបាកលំបិន ដោយលទ្ធផល ១ទល់នឹង០។ លទ្ធផលនៅថ្ងៃទី ២៩សីហា បានស្តែងឲ្យឃើញថា នៅថ្ងៃទី ១ខែកញ្ញាខាងមុខ ជប៉ុន នឹងត្រូវប្រកួតជាមួយកូរ៉េខាងត្បូង ដណ្តើមមេដាយមាស ហើយវៀតណាម ត្រូវប្រកួតជាមួយអារ៉ាប់រួម ដណ្តើមមេដាយសំរិទ្ធ។

ដូច្នេះមានន័យថា ប្រសិនបើ Son-min-Heung អាចជួយជម្រើសជាតិខ្លួន ឲ្យទទួលបានមេដាយមាស រូបគេផ្ទាល់នឹងអាចជៀសផុតពីកាតព្វកិច្ចចូលបម្រើកងទ័ព។ សូមបញ្ជាក់ថា តាមច្បាប់របស់កូរ៉េខាងត្បូង «បុរសដែលមានកាយសម្បទារល្អ មានអាយុចន្លោះពី ១៨ ដល់ ៣៥ឆ្នាំ ត្រូវតម្រូវឲ្យចូលបម្រើកងទ័ពជាតិ យ៉ាងតិច ២១ខែ។» ប៉ុន្តែក្រសួងការពារជាតិកូរ៉េខាងត្បូង ទើបបានសន្យាថា នឹងកាត់បន្ថយរយៈពេលនៃការមកបម្រើកងទ័ព នៅត្រឹម ១៨ខែវិញ នៅឆ្នាំ ២០២០។ យ៉ាងមិញ ច្បាប់នេះ ត្រូវបានលើកលែង សម្រាប់អត្តពលិក ឬ តារាល្បីដែល ដែលអាចរកកិត្តិយសជូនជាតិមាតុភូមិបាន តួយ៉ាងដូចជាសម្រាប់អត្តពលិក គឺទាល់តែបានឈ្នះមេដាយមាស ពីព្រឹត្តិការណ៍កីឡាអូឡាំពិក ឬ កីឡាថ្នាក់ទ្វីប Asian Games ជាដើម។

សូមរម្លឹកជូនថា កូរ៉េខាងត្បូង គឺជាម្ចាស់មេដាយមាសការប្រកួតកីឡាអាស៊ី លើកទី ១៧ កាលពីឆ្នាំ ២០១៤ ដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែកាលណោះ Son-min-Heung មិនបានចូលរួមជាមួយក្រុមជម្រើសជាតិនោះទេ ដោយសារតែក្លឹបចាស់របស់គេ គឺក្លឹប Bayern Leverkusen បដិសេធដាច់ខាតមិនឲ្យគាត់អវត្តមានពីក្របខណ្ឌ Bundesliga។ ប៉ុន្តែសម្រាប់លើកទី ១៨នេះ Son-min Heung បានទទួលការជ្រោមជ្រែងពីក្លឹប Tottenham ឲ្យគាត់ចូលរួមដណ្តើមមេដាយមាស ខណៈក្លឹបតែបានចុះកុងត្រាបន្តជាមួយ Son រហូតដល់ឆ្នាំ ២០២៣៕
ប្រភព៖ Foxsportsasia


Post a Comment