លី វ៉ាហេទ ៖ មុនហាត់បាល់ ខ្ញុំឃើញបងខ្ញុំជាប់ជម្រើសជាតិ ខ្ញុំបានតាំងចិត្តធ្វើឱ្យដូចគាត់

លី វ៉ាហេទ ជាខ្សែការពារវ័យក្មេងមួយរូបដែលទើបតែចូលហាត់បាល់ទាត់កាលពីចុងឆ្នាំ២០១៤ប៉ុណ្ណោះ ដោយចូលហាត់នៅបឹងកេត ដែលមានបងបង្កើតរបស់គេ២នាក់គឺ លី រ៉ាវី និង លី មីហ្សាន។ 



លី រ៉ាវី ដែលជាអតីតខ្សែការពារជម្រើសជាតិមួយរូប បច្ចុប្បន្នជាគ្រូជំនួយនៅក្លិបនេះ ខណៈ មីហ្សាន ជាខ្សែបម្រើកណ្ដាលសំខាន់មួយរូបរបស់បឹងកេត។ ឯ វ៉ាហេទ ក៏ជាកីឡាករមានវិន័យល្អម្នាក់ និងមានការប្រឹងប្រែងខ្លាំងទាំងពេលហ្វឹកហាត់និងពេលប្រកួត។ 


ការប្រឹងប្រែងរបស់ វ៉ាហេទ បានហុចផលឱ្យជាប់ជម្រើសជាតិ ដែលជាក្ដីស្រមៃរបស់គេតាំងពីតូច។ គេបានជាប់ U19, U21 រហូតដល់ក្រុមធំ។ កាលលោក Lee Tae Hoon នៅជាគ្រូបង្គោល វ៉ាហេទ ទទួលបានការកោះហៅចូលក្រុមធំ២ដង។ ឥឡូវនេះ ពេលលោក Keisuke Honda ឡើងជាអ្នកចាត់ការនិងគ្រូបង្ហាត់ វ៉ាហេទ ទទួលបានការកោះហៅជាថ្មី។


កីឡាករវ័យ១៩ឆ្នាំ ប្រាប់ថា៖ «ក្ដីស្រមៃរបស់ខ្ញុំពេលចូលលេងបាល់ដំបូងគឺជាប់ជម្រើសជាតិ។ មុនពេលលេងបាល់ ខ្ញុំឃើញបងបង្កើតរបស់ខ្ញុំ លី រ៉ាវី លេងក្នុងក្រុមជម្រើសជាតិ ហើយខ្ញុំបានតាំងចិត្តថានឹងប្រឹងប្រែងឱ្យបានជាប់ជម្រើសជាតិដូចគាត់ ដើម្បីជាមោទនភាពរបស់គ្រួសារនិងស្រុកភូមិរបស់ខ្ញុំផង។ គាត់ឧស្សាហ៍ពន្យល់ណែនាំខ្ញុំពីរបៀបលេងការពារ»។


តួឯកភាពយន្តរឿង ខូចចិត្តអាជីព ជាមួយតារាស្រីដ៏ល្បីល្បាញ សុខ សុមាវត្តី បន្តថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ពេលបានជាប់ជម្រើសជាតិ។ កាលលោកគ្រូ Lee Tae Hoon នៅ គាត់កោះហៅខ្ញុំ២ដង ប្រកួតដំបូងមិត្តភាពជាមួយ ទីម័រ និងលើកទី២មិត្តភាពជាមួយ សិង្ហបុរី។ ឥឡូវខ្ញុំបានឱកាសជាប់ជាថ្មី ខ្ញុំសប្បាយចិត្តមែនទែន»។
វ៉ាហេទ អះអាងថាទោះបីគេមិនបានជាប់ជម្រើស១១នាក់ដំបូងក៏ដោយ ក៏គេនឹងបន្តការខិតខំហ្វឹកហាត់ មិនបន្ធូរដៃឡើយ។


វ៉ាហេទ បន្ថែម៖ «កៅអី១១នាក់ដំបូងខ្ញុំមិនហ៊ាននិយាយទេ ព្រោះខ្ញុំនៅក្មេងជាងគេហើយបងៗសម្បូរបទពិសោធច្រើនជាងយើង។ ទោះយ៉ាងណា ខ្ញុំនឹងប្រឹងប្រែងហ្វឹកហាត់ ទោះបានជាប់ជម្រើស១១នាក់ដំបូងឬមិនបាន ខ្ញុំនឹងនៅតែខំហ្វឹកហាត់ជានិច្ច»។


ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលមាន វ៉ាហេទ ជាសមាជិកម្នាក់ក្នុងបញ្ជី២៣នាក់ នឹងប្រកួតមិត្តភាពជាមួយ ម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៨៕

អត្ថបទ៖ CNCC 
ពាក្យទាក់ទង​ ៖ ,

Post a Comment

[disqus][facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.