នៅសល់ពុំដល់ ២សប្ដាហ៍ទៀតទេ ការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់ Keisuke Honda នឹងចូលមកដល់ហើយ។ បែបណាក្ដី ដំណាក់កាលនេះជាពេលវេលាដ៏តានតឹងសម្រាប់គ្រូបង្វឹកជនជាតិអាហ្សង់ទីន Felix Gonzales Dalmas ក្នុងការសម្រេចចិត្តជ្រើសយកកីឡាករឆ្នើមៗចូលក្រុមជម្រើសជាតិ។
សម្រាប់ថ្ងៃនេះ FOX Sports Cambodia សូមបង្ហាញទស្សនៈមួយចំនួន ពាក់ព័ន្ធអ្នកចាំទីក្រសួងការពារជាតិ អ៊ុំ វិចិត្រ ដោយលើកយកចំនុចសំខាន់៤យ៉ាង ដែលដៃស្ដាំរបស់ Keisuke Honda គួរពិចារណាកោះហៅគេចូលក្រុមជម្រើសជាតិជាថ្មី ក្រោយខកខានជាង៣ឆ្នាំមកហើយ។

អ៊ុំ វិចិត្រ ក្នុងការប្រកួតលីគកំពូលកម្ពុជា កាលពីខែមិថុនា (រូបភាព៖ CNCC)
១- កំណត់ត្រាល្អក្នុងលីគកំពូល ២០១៨
ក្រោយទទួលបានឱកាសបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង ពីគ្រូបង្វឹក ភា សុភក្ត្រា អ្នកចាំទីវ័យ ២៥ឆ្នាំរូបនេះ បង្កើតបានកំណត់ត្រាដ៏ល្អមួយ ពោលការបង្ហាញខ្លួន ១២ប្រកួតក្នុងលីគកំពូល គេបានជួយក្រុមរកលទ្ធផលឈ្នះ ១០ ស្មើ ២ ពុំដែលចាញ់ ថែមទាំងរក្សាសំណាញ់ទីមិនឲ្យគូប្រកួតទាត់ចូលសោះ ៥ប្រកួត ហើយសរុបគ្រាប់បាល់ទាត់បញ្ចូលទីពីក្រុមគូប្រជែងមានត្រឹម ១០គ្រាប់ប៉ុណ្ណោះ។
បន្ថែមលើនេះ វិចិត្រ បានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកថា គេចង់រក្សាកំណត់ត្រាមិនចាញ់សោះ ខណៈលីគកំពូលសល់ត្រឹម ៣ប្រកួតទៀតប៉ុណ្ណោះ។
២- កំណត់ត្រាក្នុងក្រុមជម្រើសជាតិ
អ្នកចាំទីមានឪពុកម្ដាយសុទ្ធតែជាអ្នកកីឡាម្នាក់នេះ ធ្លាប់ជាប់ជម្រើសជាតិ U19 តាំងពីឆ្នាំ ២០១១មកម្ល៉េះ ដោយជួយក្រុមរកលទ្ធផលឈ្នះ ១ ស្មើ ២ ចាញ់ ១ នាគ្រានោះ។ មួយឆ្នាំបន្ទាប់ រូបគេត្រូវគ្រូបង្វឹកក្រុមធំកោះហៅឲ្យចូលរួម ហើយបង្ហាញខ្លួនបាន ២ប្រកួត តទល់ប៊្រុយណេ និង មីយ៉ាន់ម៉ា។ ដោយឡែកក្នុងឆ្នាំ ២០១៤ ត្រូវបានគ្រូបង្វឹក Lee Tae Hoon ផ្ដល់ឱកាសឲ្យចូលរួមក្នុងក្រុម U21 បង្ហាញខ្លួនបាន ៤ប្រកួតទល់នឹង ប៊្រុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង វៀតណាម។
ជាអកុសល ក្រោយបញ្ចប់បេសកកម្មជាមួយ U21 បងប្រុសបង្កើតអ្នកចាំទី អ៊ុំ សេរីរ័ត្ន ត្រូវញាំញីដោយរបួសឆ្អឹងដៃ អាក់ខានបង្ហាញខ្លួនលើទីលានអស់ពេលជាង ២ឆ្នាំ ទម្រាំគ្រូបង្វឹក Lee Tae Hoon កោះហៅចូលបញ្ជីបឋមក្នុងជម្រើសជាតិក្រុមធំ តែពុំបានចេញទៅប្រកួតព្រឹត្តិការណ៍ AFF Suzuki Cup 2016 ឡើយ ដោយសាររបួសដៃរើឈឺឡើងវិញ ហើយត្រូវបាត់មុខពីក្រុមជម្រើសជាតិរហូតដល់បច្ចុប្បន្ន។

អ៊ុំ វិចិត្រ អំឡុងការប្រមូលផ្ដុំជម្រើសជាតិពាក់កណ្ដាលឆ្នាំ ២០១៦កន្លងទៅ (រូបភាព៖ កឹម សុវណ្ណា)
៣- អត្តចរឹត និង វិន័យ
អ៊ុំ វិចិត្រ ត្រូវបានពិភពកីឡាករអាជីព និង អ្នកគាំទ្របាល់ទាត់ជាតិ ផ្ដល់ការគោរព ហើយចាត់ទុកជាកីឡាករមានអត្តចរឹតប្រពៃមួយរូប។ គេហាក់ចូលចិត្តលេងសើចក្នុងជីវិតប្រចាំថ្ងៃ ធ្វើឲ្យអ្នកជុំវិញខ្លួនរីករាយ ប៉ុន្តែម៉ឺងម៉ាត់ខ្លាំងក្នុងការហ្វឹកហាត់ ពេលប្រកួត និង ពេលបំពេញកិច្ចការផ្សេងៗ។
ចំណែកកត្តាវិន័យវិញ អ្នកចាំទីរូបនេះត្រូវបានគេមើលឃើញថា ធ្វើបានខ្ជាប់ខ្ជួនទាំងនៅក្នុងទីលាន និង ក្រៅទីលាន។ យើងអាចសង្កេតបានតាមរយៈការស្ដារសមត្ថភាពរបស់គេ ក្នុងរយៈពេលព្យាបាលរបួសជាង ៣ឆ្នាំ ដោយព្យាយាមហ្វឹកហាត់ផ្ទាល់ខ្លួន តាមលទ្ធភាពដែលអាចធ្វើទៅបាន។ លើសពីនេះ គេបានដាក់កំហិតខ្លួនឯងលើការសិក្សាភាសាថៃ ហើយបច្ចុប្បន្នគេអាចនិយាយបានយ៉ាងស្ទាត់។ ផ្ទុយទៅវិញ កីឡាករមួយចំនួននៅកម្ពុជា ប្រហែលជាបោះបង់អាជីពបាត់ទៅហើយ ប្រសិនជួបបញ្ហាដូចគេ។

អ៊ុំ វិចិត្រ ថតរូបអនុស្សាវរីយក្នុងវគ្គ AFC Goalkeeping Coaching Tutors’ Course កាលខែកញ្ញា ឆ្នាំ ២០១៧
៤- ធ្លាប់ឆ្លងកាត់វគ្គគ្រូបង្វឹកអ្នកចាំទីកម្រិត AFC
អំឡុងពេលសម្រាកព្យាបាលរបួស អ៊ុំ វិចិត្រ ទទួលបានឱកាសពីថ្នាក់ដឹកនាំក្លឹប និង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឲ្យចូលរួមវគ្គ AFC Goalkeeping Coaching Tutors’ Course កាលពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ ២០១៧ នៅប្រទេសម៉ាឡេស៊ី។ បើទោះវាផ្ដោតទៅលើគ្រូបង្វឹក តែវគ្គនេះផ្ដល់សារប្រយោជន៍យ៉ាងសម្បើមដល់រូបគេ ក៏ព្រោះបានពន្យល់លម្អិតទៅលើយុទ្ធសាស្ត្រក្រុម ពិសេសទំនាក់ទំនងរវាងអ្នកចាំទី ទៅកីឡាករលេងខាងលើ ជំហរអ្នកចាំទីធៀបនឹងស្ថានភាពបាល់ ការវាយបករហ័ស និង ជំនាញកម្រិតខ្ពស់ផ្សេងៗជាច្រើនទៀត។
ទាំងនេះសុទ្ធតែជាការយល់ឃើញរបស់ FOX Sports Cambodia ពាក់ព័ន្ធគុណសម្បត្តិក្នុងការវិលត្រលប់ទៅក្រុមជម្រើសជាតិជាថ្មីរបស់អ្នកចាំទី អ៊ុំ វិចិត្រ ក្រោយបាត់មុខជិត ៤ឆ្នាំមកហើយ។
ចុះប្រិយមិត្តវិញ យល់យ៉ាងណាចំពោះសមត្ថភាពកីឡាកររូបនេះ?


Post a Comment