តាំង សុភ័ក្ត្រ ៖ រាល់ថ្ងៃខ្ញុំខំហាត់ដើម្បីជួយក្លិបផងនិងដើម្បីវិលទៅជម្រើសជាតិជាថ្មី

ខ្សែប្រយុទ្ធ តាំង សុភ័ក្ត្រ របស់អង្គរថាយហ្គឺរ ធ្លាប់ជាប់ជម្រើសជាតិកម្ពុជាម្ដង ពេលលោក ប្រាក់ សុវណ្ណារ៉ា កោះហៅរូបគេចូលបញ្ជីសម្រាប់ប្រកួតមិត្តភាពអន្តរជាតិទល់ មីយ៉ាន់ម៉ា កាលពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៧។ កាលណោះ សុភ័ក្ត្រ បានចូលលេងជាង២០នាទីក្នុងវគ្គទី២។ 


គិតមកទល់ឥឡូវ កីឡាករមានស្រុកកំណើតនៅគីរីវង់ ខេត្តតាកែវ ខានជាប់ជម្រើសជាតិជិត១ឆ្នាំហើយ។ ទោះបែបនេះក្ដី កីឡាកររូបនេះមិនបាក់ទឹកចិត្តឡើយ ផ្ទុយទៅវិញគេខំប្រឹងបង្កើនការហ្វឹកហាត់រៀងរាល់ថ្ងៃដើម្បីមានឱកាសវិលចូលក្រុមជម្រើសជាតិជាថ្មី ក៏ដូចជាជួយអង្គរថាយហ្គឺរឱ្យបានលទ្ធផលល្អ។


អតីតសមាជិកព្រែកប្រាកីឡាក្នុងឆ្នាំ២០១៤ និយាយថា៖ «ពីមុនខ្ញុំមិនដែលគិតថាខ្ញុំជាប់ជម្រើសជាតិទេ តែតាំងពីបានជាប់លើកដំបូងមក ខ្ញុំតាំងចិត្តខំហាត់បង្កើនសមត្ថភាពឱ្យជាប់ជម្រើសជាតិជាថ្មីហើយប្រឹងឱ្យបានលេងជម្រើស១១នាក់ដំបូងទៀត។ សម្រាប់ខ្ញុំ ជាកីឡាករថ្មី ពេលបានហាត់ក្នុងក្រុមជម្រើសជាតិជាមួយរៀមច្បងលើកដំបូង ខ្ញុំមើលឃើញសមត្ថភាពខ្លួនឯងមិនទាន់ដល់ពួកគាត់ទេ ប៉ុន្តែខ្ញុំខំពង្រឹងសមត្ថភាពជាបន្តបន្ទាប់»។ 


«រាល់ថ្ងៃខ្ញុំខំហាត់ខំលេង មិនថាលើទីលានហ្វឹកហាត់ឬទីលានប្រកួត ខ្ញុំខំដើម្បីក្លិបផងនិងដើម្បីឱកាសជម្រើសជាតិផង។ ទោះខានជាប់ជម្រើសជាតិយូរ តែខ្ញុំមិនបាក់ទឹកចិត្តទេ។ ខ្ញុំខំប្រឹងដើម្បីមានកេរ្តិ៍ឈ្មោះដូចកីឡាករល្បីៗដទៃទៀត»។ 


ខ្សែប្រយុទ្ធអង្គរថាយហ្គឺរដែលនៅក្លិបនេះតាំងពីឆ្នាំ២០១៥ អរគុណលោក ប្រាក់ សុវណ្ណារ៉ា ដែលបានផ្ដល់ឱកាសរំភើបបំផុតក្នុងជីវិតរបស់គេ។ «ខ្ញុំសូមអរគុណលោកគ្រូ ប្រាក់ សុវណ្ណារ៉ា ដែលបានផ្ដល់ឱកាសឱ្យខ្ញុំជាប់ជម្រើសជាតិនិងផ្ដល់បច្ចេកទេសថ្មីៗដល់ខ្ញុំ ហើយខ្ញុំក៏អរគុណដល់បងៗក្នុងក្រុមជម្រើសជាតិដែលបានជួយណែនាំអំពីរបៀបលេងបន្ថែមទៀតដល់ខ្ញុំដែរ»។


គួរដឹងថា សុភ័ក្ត្រ បានតស៊ូជិះកង់ពីវិទ្យាល័យជាស៊ីមសាមគ្គីរាជធានីភ្នំពេញទៅហាត់នៅក្លិបព្រែកប្រាដែលមានចម្ងាយប្រហែល១០គីឡូម៉ែត្រពីផ្ទះរបស់ខ្លួន ព្រោះតែស្រលាញ់បាល់ទាត់។ 


ការតស៊ូបានហុចផលឱ្យគេក្លាយជាកីឡាករនៅក្លិបអាជីពក្នុងក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីគ និងបានជាប់ជម្រើសជាតិកាលពីចុងឆ្នាំមុន។ លោក សុវណ្ណារ៉ា ធ្លាប់សរសើរ សុភ័ក្ត្រ ថាជាកីឡាករមានទេពកោសល្យផ្ទាល់ខ្លួនល្អ និងមានឆន្ទៈប្រឹងប្រែងខ្ពស់ទាំងពេលហ្វឹកហាត់និងពេលប្រកួត៕

អត្ថបទ៖ CNCC 
ពាក្យទាក់ទង​ ៖ ,

Post a Comment

[disqus][facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.